September 22, 2020 By ekorko 0

ពន្ធលើអចលនទ្រព្យ

និយមន័យ
ពន្ធអចលនទ្រព្យ គឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និង ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ពន្ធនេះជាប្រភេទពន្ធផ្ទាល់ដែលតម្រូវឱ្យអ្នកជាប់ពន្ធដែលជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ និងធ្វើការប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ។ ការប្រមូលពន្ធលើអចលនទ្រព្យនេះគឺសម្រាប់ជាផលប្រយោជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។

កាតព្វកិច្ច
អ្នកជាប់ពន្ធអាចទាញយកពាក្យស្នើសុំចុះបញ្ជីអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យ (ទម្រង់ FORM PT 01 (https://t.me/CambodiaGDTNews/2031)) ដោយចុចលើតំណភ្ជាប់នេះ ឬ អាចយកដោយផ្ទាល់នៅតាមសាខាពន្ធដារខេត្ត/ខណ្ឌ ដោយឥតគិតថ្លៃ។ អចលនទ្រព្យដែលមានតម្លៃតិចជាង ១០០លានរៀល ពុំមានកាតព្វកិច្ចចុះបញ្ជីទេ។

Advertisement

ឯកសារភ្ជាប់សម្រាប់មកចុះបញ្ជីអចលនទ្រព្យមានដូចជា៖
• អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬ លិខិតឆ្លងដែន
• សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ
• បណ្ណសម្គាល់កម្មសិទ្ធ ឬ សិទ្ធិកាន់កាប់អចលនវត្ថុ
• ក្នុងករណីអចលនទ្រព្យទិញបង់រំលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់ជាមួយនូវឯកសារកិច្ចសន្យារវាងអ្នកទិញនិងអ្នកលក់

បន្ទាប់ពីចុះបញ្ជីអចនទ្រព្យរួចរាល់ អ្នកជាប់ពន្ធត្រូវផ្តល់ព័ត៌មានមករដ្ឋបាសារពើពន្ធ ប្រសិនបើមានការផ្លាស់ប្តូរដូចខាងក្រោម៖
• ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ
• ផ្ទះ អគារ ឬសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល
• អចលនទ្រព្យត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ
• អចលនទ្រព្យត្រូវបំបែកលក់ ឱ្យជាអំណោយ

Advertisement

មូលដ្ឋានគិតពន្ធ
• ពន្ធលើអចលនទ្រព្យត្រូវបានកំណត់តាមអត្រា ០,១%នៃមូលដ្ឋានគិតពន្ធ។
• មូលដ្ឋានគិតពន្ធគឺជាតម្លៃ៨០%តម្លៃអចលនទ្រព្យ ហើយដែលអនុញ្ញាតឱ្យកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០៛។
• តម្លៃអចលនទ្រព្យត្រូវកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យទៅតាមអាយុកាលសំណង់និងប្រភេទនៃសំណង់ដោយយោងតាមតម្លៃទីផ្សារ។

ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ = [(តម្លៃអចលនទ្រព្យ x ៨០%) – ១០០,០០០,០០០៛] x ០,១%

Advertisement

ការលើកលែងពន្ធ
• អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ បេសកកម្មការទូត អគ្គកុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេសបរទេស
• ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
• អចលនទ្រព្យដែលសាងសង់លើដីធ្លីកសិកម្មដែលបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម
• អចលនទ្រព្យរងគ្រោះដោយករណីប្រធានសក្តិ
• ផ្ទះ អគារ និងសំណង់ដែលកំពុងត្រូវបានសាងសង់តិចជាង ៨០% និងមិនទាន់បានប្រើប្រាស់
• អចលនទ្រព្យស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស

Advertisement